ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Walter Ruck នាយក​សភាពាណិជ្ជកម្ម​អូទ្រីស និង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​ជាង ១០០.០០០ ក្រុមហ៊ុន និង​សហការី​ចូលជួប​សម្តែង​ការគួរ សម និង​ពិភាក្សា​ការងារ​
ចេញ​ផ្សាយ ១៤ មីនា ២០១៩
1,131

 

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​អង្គារ ៧​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​ឯកឧត្តម Walter Ruck នាយក​សភាពាណិជ្ជកម្ម​អូទ្រីស និង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​ជាង ១០០.០០០ ក្រុមហ៊ុន ហើយក៏​ជា​អនុ ប្រធាន​ក្រុម​បេសកកម្ម​ស្ថានទូត​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​ទីក្រុង​បាងកក និង​សហការី​ចូលជួប​សម្តែង​ការគួរ សម និង​ពិភាក្សា​ការងារ​សំខាន់ៗ​ទាក់ទង​នឹង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការធ្វើ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ និង​ការរៀបចំ​គម្រោង​គាំទ្រ​ផ្នែក​កម្ចី​ឥណទាន​ក្នុង​វិស័យ​កសិកម្ម​មក​ភាគី​កម្ពុជា​។​

​មានមតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​អំណរគុណ​ជូន​ចំពោះ​ឯកឧត្តម Walter Ruck និង​សហការី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាពិសេស​បាន​អញ្ជើញ​មកជួប​ពិភាក្សា​ការងារ និង​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា វឌ្ឍនភាព និង​ឱកាស​ក្នុងការ​ពិនិត្យ ពិចារណា និង​សម្រេចចិត្ត​ធ្វើការ​វិនិយោគ​លើ​វិស័យនេះ​នាពេល​អនាគត​។ ដោយសារ​ប្រទេស​អូ​ទ្រី​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ឯកឧត្តម​រដ្ឋមន្ត្រី​តាមរយ​:​ឯកឧត្តម Walter Ruck បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូទ្រីស​ដែល​កន្លងមក​តាមរយ​:​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួយ​ឧបត្ថម​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូទ្រីស​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ប្រទេស ជាពិសេស​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ប្រតិភូ​ផងដែរ​អំពី​ស្ថានភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដូចជា​ផលិតកម្ម​ស្រូវ ពោត ស្វាយ ស្វាយចន្ទី ដំឡូង និង​វារីវប្បកម្ម​។​ល​។​

​នាឱកាស​នេះ ឯកឧត្តម Walter Ruck បាន​កោតសរសើរ​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​កំពុងតែបន្ត​អភិវឌ្ឍ​តាម​ផែនការ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់ខ្លួន​យ៉ាងសកម្ម លោក​សង្ឃឹមថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​សម្រេចបាន​នូវ​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ យ៉ាងពិត​ប្រាកដ​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី ថា​ដំណើរ​ទស្សនកិច្ច​លើ​នេះ​គឺ​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ផ្តោ​ច​ជាសំខាន់​លើ​ផលិតផល​កសិកម្ម និង​ជាពិសេស​ការរៀបចំ​គម្រោង​គាំទ្រ​ផ្នែក​កម្ចី​ឥណទាន​សម្រាប់​ទិញ​សម្ភារៈ​កសិកម្ម​ពី​ប្រទេស​អូទ្រីស​។ ឯកឧត្តម​ក៏បាន​បញ្ជាក់​ផងដែរ​ថា បរិយាកាស​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​គឺមាន​លក្ខណ​អំណោយផល​ល្អ និង​មាន​សក្តានុពល​ខ្ពស់​សម្រាប់ធ្វើ​ការវិនិយោគ ដូច្នេះ​ឯក​ឧ​ត្ត​សង្ឃឹម និង​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែមទៀត​នាពេល​អនាគត​។​

ចំនួនអ្នកចូលទស្សនា
Flag Counter